Wednesday, November 23, 2016

តារាវិទូ​រក​ឃើញ​វត្ថុ​រាង​មូល​ជាង​គេ​បង្អស់​ក្នុង​ចក្រវាឡ


ការ​សិក្សា​ធ្វើ​ឡើង​អស់​រយៈពេល​ច្រើន​ឆ្នាំ​​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​​មក​ពី​វិទ្យាស្ថាន​ Max Planck ដែល​សិក្សា​ពី​ប្រព័ន្ធ​ព្រះអាទិត្យ​ រួម​ទាំង​មក​ពី​សកលវិទ្យាល័យ​ University of Göttingen បាន​​ប្រទះ​ឃើញ​វត្ថុ​​ធម្មជាតិ​មាន​រាង​មូល​ជាងគេ​ក្នុង​ចក្រវាឡ​នេះ។
វត្ថុ​នោះ​គឺ​ដួង​តារា​​ Kepler 11145123 ដែល​​មាន​ចម្ងាយ​ ៥ ០០០ ឆ្នាំ​ពន្លឺ​ពី​ភព​ផែនដី។ នៅ​តំបន់​អេក្វាទ័រ​ ដួងតារា​នេះ​មាន​ទំហំ​​ធំ​ជាង​​​នៅ​តំបន់​ប៉ូល​តែ​ ៣ គ.ម ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​​​​​វត្ថុ​​ធម្មជាតិ​មាន​រាង​មូល​ជាងគេ​ក្នុង​ចក្រវាឡ។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​វា​មាន​រាង​មូល​​ដោយ​សារ​ការ​រង្វិល​ជុំ​​មាន​ល្បឿន​យឺត​ជា​ទី​បំផុត ដោយ​រយៈ​ពេល​ ១០០ ថ្ងៃ​រង្វិល​ជុំ​បាន​តែ​មួយ​លើក​ (យឺត​ជាង​ព្រះអាទិត្យ​ ៣ ដង) ហើយ​​រាង​មូល​នេះ​ក៏​ទាក់​ទង​នឹង​កម្លាំង​ដែន​ទំនាញ​ដែរ៕​​​​​​​​